គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប្រទេសបារាំង: តែកញ្ចុំផ្កាម្រេចម៉ាក Kirum និងដំណាប់ស្វាយរមូរម៉ាក ​Thnot ត្រូវបានដាក់ឲ្យភ្លក់នៅ Asian Street Food Festival នាវត្តវាំងសែន

កាលបរិច្ឆេទ: ០៨ មិថុនា ២០២៣

បន្ទាប់ពីមហោស្រពសប្បាយ(Sabay Festival)ដែលត្រូវបានប្រារព្វឡើងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងផុតទៅ សមាគមសប្បាយដែលមានក្រុមហ៊ុនអនឡាញឈ្មោះ Evaan Market នឹងរៀបចំជាថ្មីម្តងទៀតនូវមហោស្រពចំណីអាហារអាស៊ីដែលមានឈ្មោះថា Asian Street Food Festival នៅទីក្រុងប៉ារីស​ប្រទេសបារាំងនៅថ្ងៃទី១១ មិថុនាខាងមុខនេះនៅវត្តវាំងសែន(Vincennes)។

លើកនេះក៏មិនខុសពីកាលបុណ្យចូលឆ្នាំខ្មែរដែរគឺថា អ្នកដែលស្រឡាញ់ប្រទេសអាស៊ី និងចូលចិត្តម្ហូបអាស៊ីអាចទៅភ្លក់ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលបាន ជាពិសេសគឺតែកញ្ចុំផ្កាម្រេចកំពតម៉ាក Kirum និងដំណាប់ស្វាយរមូរម៉ាក Thnot។

«ក្នុងរយៈពេលមួយថ្ងៃពេញ ទ្វាររបងវត្តវំាងសែននឹងបើកទទួលស្វាគមន៍ស្តង់ចំណីអាហារអាស៊ី និងមានកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។ លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែក ទទួលបានឱកាសភ្លក់រសជាតិពិសេសៗនៃមុខម្ហូបអាស៊ីដែលមិនអាចបំភ្លេចបាន! នៅក្នុងមហោស្រពមួយនេះ​ អាហារដ្ឋានចំនួន២៥នឹងបោះស្តង់នៅក្នុងបរិវេណវត្តវាំងសែនដើម្បីផ្តល់ឱកាសឲ្យអណ្តាតលោកអ្នកបានក្រេបជញ្ជក់រសជាតិអាហារឆ្ងាញ់ៗបែបអាស៊ីដែលកំពុងតែពេញនិយម។ មុខម្ហូបអាស៊ីសម្បូរបែបជាងអ្វីដែលយើងធ្លាប់គិតទៅទៀត និងបានឆ្លុះបញ្ចាំងពីវប្បធម៌ចម្រុះរបស់យុវវ័យបារាំង។ ព្រោះហេតុដូច្នេះ ពួកយើងក៏មានគំនិតមួយនេះឡើងគឺ ផ្សារភ្ជាប់លោកអ្នកទៅនឹងវប្បធម៌កំណើតរបស់លោកអ្នក ឬផ្តល់ឱកាសឲ្យលោកអ្នកបានស្គាល់ពីវប្បធម៌ថ្មីតាមរយៈមហោស្រពចំណីអាហារនេះ»។ នេះជាសាររបស់អ្នករៀបចំមហោស្រពចំណីអាហារដែលផ្ញើទៅកាន់អ្នកចូលរួម ជាពិសេសទៅកាន់យុវជនបារាំងដើមកំណើតអាស៊ី។

ការចូលរួមរបស់ក្រុមហ៊ុនខនហ្វីរេលជាមួយនឹងមហោស្រពចំណីអាហារដែលរៀបចំឡើងដោយសមាគមសប្បាយលើកទីពីរនេះបង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកថុង តារា ស្ថាបនិកសមាគមសប្បាយ ដែលមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងជនជាតិបារាំងដើមកំណើតអាស៊ីទៅនឹងវប្បធម៌កំណើតរបស់ពួកគេ និងផ្សព្វផ្សាយ ចែករម្លែកទៅដល់អ្នកទាំងឡាយណាដែលមានចំណាប់អារម្មណ៍លើប្រទេសនេះ ឲ្យបានស្គាល់ពីភាពសម្បូរបែបនៃវប្បធម៌អាស៊ីអាគ្នេយ៍។

មានកំណើតជាខ្មែរ លោកថុង តារា ក៏មានបំណងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាផងដែរ តាមរយៈការផ្សព្វផ្សាយផលិតផលខ្មែរឲ្យគេស្គាល់នៅលើពិភពលោក។ ជាក់ស្តែង ឆ្លៀតក្នុងឱកាសដែលលោកធ្វើដំណើរទៅស្រុកខ្មែរ លោកបានទៅទស្សនាឧទ្យានរបស់ក្រុមហ៊ុនខនហ្វីរេល Parc Confirel Discovery នៅទីក្រុងកែប។ ទទួលស្វាគមន៍ដោយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង លោកបានជជែកពិភាក្សាជុំវិញគោលគំនិតសំខាន់ៗរបស់ក្រុមហ៊ុនខនហ្វីរេល គឺការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ៕